|
សុ ន្ទ រ ក ថា
ឯកឧត្ដម សុខ អាន
ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ក្នុងឱកាសបើកការតាំងពិព័រណ៍រូបថត
* ស្នាមញញឹមនៃអង្គរ
*
មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ថ្ងៃទី១៧ ខែឧសភា
ឆ្នាំ២០០៨
- ឯកឧត្ដម
វេង សេរីវុឌ្ឍ ទេសរដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ឯកឧត្ដម
Katsuhiro Shinohara
ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្ដម
Yukio Imagawa
អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
និងជា ប្រធានគណៈកម្មការ ប្រតិបត្ដិនៃសមាគមន៍
Culture Motion “APPASSIONATO” (C.M.A)
របស់ ប្រទេសជប៉ុន
- ឯកឧត្ដម
Jinai Teruo
នាយកអង្គការយូណេស្កូប្រចាំនៅកម្ពុជា
- លោក
Baku Saitoវិចិត្រកររូបថតពិព័រណ៍ស្មាមញញឹមនៃអង្គរ
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ
និងអន្ដរជាតិ
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករីករាយ
ដោយបានមកចូលរួមជាមួយ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ក្នុងពិធីបើកពិព័រណ៍ *ស្នាមញញឹមនៃអង្គរ*
ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា
និងគណៈកម្មការប្រតិបត្ដិនៃសមាគមន៍
Culture Motion “APPASSIONATO” (C.M.A)
របស់ប្រទេសជប៉ុន ដ៏ឱឡារិកនាពេលនេះ។
ឆ្លៀតឱកាសនេះ ខ្ញុំសូម សម្ដែងនូវការអបអរសាទរ
និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្ដទុកដាក់ និង
កិច្ចខិតខំប្រឹងប្រែងប្រកបដោយ មនសិការទទួលខុសត្រូវ
ខ្ពស់របស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់
ដែលបានលះបង់អស់កម្លាំងកាយចិត្ដ ដើម្បីបុព្វហេតុ នៃការ
អនុវត្ដ គោលនយោបាយវប្បធម៌របស់រាជរដ្ឋាភិបាល
ដែលសំដៅជាសំខាន់លើការសិក្សា ស្រាវជ្រាវ អភិរក្ស និងផ្សព្វ
ផ្សាយនូវអ្វីដែលជាអត្ដសញ្ញាណជាតិ។ ដូច្នេះ
ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើម រៀបចំប្រារឰពិធីតាំងពិព័រណ៍
ដ៏មានសារៈសំខាន់នាពេលនេះ។ ពិធីនេះគឺពិតជាមានសារៈសំខាន់
ក្នុងការរួម ចំណែកដល់ សកម្មភាព លើកកម្ពស់ ការផ្សព្វផ្សាយ
និងការអភិរក្សវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិយើង។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្ដែងនូវអំណរគុណផងដែរចំពោះ
ឯកឧត្ដម
Yukio Imagawa
អតីត ឯកអគ្គរាជ
ទូតជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា និងជា
ប្រធានគណៈកម្មការប្រតិបត្ដិនៃសមាគមន៍
C.M.A
របស់ប្រទេសជប៉ុន
ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់ការពិធី
តាំងពិព័រណ៍នាពេលនេះ និងសូម
សម្ដែង នូវការកោត សរសើរចំពោះលោក ពាកុ
Baku Saito
ដែលបានចំណាយធនធាន កម្លាំងកាយចិត្ដ និងបញា្ញ ស្មារតី
អស់រយៈពេលជាង ១០ ឆ្នាំ ក្នុងការ សម្រេច
ចេញនូវរូបថតស្ដីពីស្នាមញញឹមនៃ ព្រះភ័ក្ដ្រ អង្គរជាទីសក្ការៈ
ដែលត្រូវបានដាក់តាំងនាថ្ងៃនេះ ។
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះ យើងបើកពិព័រណ៍រូបថត ស្នាមញញឹមនៃអង្គរ
ដែលជានិមិត្ដរូបនៃអរិយធម៌ដ៏រុងរឿងរបស់ កម្ពុជា។
ស្នាមញញឹមអង្គរ គឺជាព្រលឹងនៃគុណធម៌ដ៍ កំពូល
របស់បុព្វបុរសខ្មែរ ជាស្នាមញញឹមនៃសេចក្ដីស្រឡាញ់
ភាពអាណិតអាសូរ សេចក្ដីត្រេកអរចំពោះសេចក្ដីសុខអ្នកដទៃ
(មេត្ដា ករុណា មុតិតា និងឧបិខា) ដែលជា កម្លាំង
ចិត្ដដ៏ស័ក្ដិសិទ្ធិក្នុងការស្ថាបនាឯកភាពជាតិ សាមគ្គីជាតិ
សន្ដិភាព ភាពសុខដុមរមនា និងវឌ្ឍនភាពដ៏រុងរឿងនា សម័យមហានគរ
។
តាមពង្សសាវតានៃប្រទេសជាតិយើង
បារមីនៃស្នាមញញឹមអង្គរបាននាំមកនូវសេចក្ដីសុខសន្ដិភាព និង
វិបុលភាពជូន ប្រជាជនកម្ពុជា ជាងមួយសតវត្ស បន្ទាប់ពី
ព្របាទជ័យវរ្ម័នទី៧ ដែលជាស្ថាបនិកនៃ ព្រះភ័ក្ដ្រ
ញញឹមជាទីសក្ការៈ នេះចូលទីវង្គតទៅ។ ក៏ប៉ុន្ដែ
ក្នុងសម័យក្រោយៗមក ស្នាមញញឹមនេះត្រូវបានបាត់បង់ទៅ ជា
បណ្ដើរៗ ដោយសារតែសង្គ្រាម និងនៅពេលចុងក្រោយនេះ
គឺរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩
និងក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុង ភារិស ឆ្នាំ ១៩៩១
ស្នាមញញឹមអង្គរត្រូវបានរស់ឡើងវិញ និងទទួលបាននូវការ
ថែទាំឱ្យមានជីវិតស្រស់បំព្រង ជាបន្ដបន្ទាប់រ ហូតមកដល់
បច្ចុប្បន្ន ។
ស្នាមញញឹមនេះ
គឺជាស្នាមញញឹមអមតៈរបស់ដូនតាយើងដែលរស់ឡើងវិញក្នុងសម័យ
ព្រះរាជាណាចក្រ កម្ពុជាទីពីរ
ក្រោមបារមីនៃព្រះមហាក្សត្រជាទីសក្ការៈ
និងក្រោមការដឹមនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការពិតណាស់ កម្ពុជាជាប្រទេសមួយដែលមានការអភិវឌ្ឍយឺត
បើប្រៀបធៀបជាមួយបណ្ដាប្រទេស ដទៃទៀតនៅក្នុងតំបន់។
ក៏ប៉ុន្ដែប្រទេសយើង មានប្រវត្ដិ សាស្ដ្រ ដ៏យូរលង់
និងអរិយធម៌រុងរឿង ព្រមទាំងជា សង្គមមួយប្រកបដោយខឿនវប្បធម៌
អរិយធម៌ដ៏មានចំណាស់លើពិភពលោក។ បុព្វបុរសខ្មែរ មិនមែន
គ្រាន់តែ បន្សល់នូវប្រាង្គប្រាសាទនានា ឬសិល្បៈរបាំបុរាណ
ដែលសព្វថ្ងៃក្លាយជាបេតិកភណ្ឌនៃមនុស្សជាតិប៉ុណ្ណោះទេ
ប៉ុន្ដែ ថែមទាំងបានបន្សល់ ទុកនូវអត្ដសញ្ញាណជាតិ
ដ៏សំខាន់ៗជាច្រើនទៀត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយ
ដែលបង្កប់នៅស្ទើរគ្រប់ទិសទីក្នុងប្រទេស។ នៅក្នុងដំណាក់ កាល
សាកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ននេះ ការប្រកួត ប្រជែង
និងការបើកទូលាយ
មិនមែនកើតមានឡើងតែក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មប៉ុណ្ណោះទេ
ប៉ុន្ដែ កើតមាន ផងដែរ ចំពោះវិស័យវប្បធម៌ និងសិល្បៈ
ហើយដែលយើង ទាំងអស់គ្នាត្រូវតែទទួលយកនូវឥទ្ធិពលនេះដោយ
ជៀសមិនរួច។ បញ្ហានេះ បានលេចចេញ
ជាបញ្ហាប្រឈម យ៉ាងច្រើន មកលើប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជា
កម្ពុជា
ហើយដែលទាមទារ ឱ្យយើងត្រូវតែកំណត់ ឡើងវិញនូវគោលនយោបាយវប្បធម៌
ដើម្បីឈានទៅកំណត់ឱ្យ
ច្បាស់នូវបញ្ញត្ដិជាឬសគល់នៃសិល្បៈវប្បធម៌
និងបង្កើតនូវវិធានការសមស្របមួយ ទើបអាចធានាបាននូវការ
អភិរក្សវប្បធម៌ជាតិរបស់ យើងបាន។
កន្លងមកក្នុងការងារពង្រឹង អត្ដសញ្ញាណជាតិ
រាជរដ្ឋាភិបាលបានបង្កើននូវកិច្ចសហប្រតិបត្ដិការ ជាមួយ
ប្រទេសក្នុងតំបន់ ក៏ដូចជាលើពិភពលោក។ ទង្វើនេះធ្វើឱ្យ
ប្រជាជនកម្ពុជាមើលឃើញ យ៉ាងច្បាស់ពីតម្រូវការ
ចាំបាច់នៃការប្រាស្រ័យទាក់ទងគ្នាជាមួយសហគមន៍អន្ដរជាតិ
សម្រាប់ការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ របស់ ជាតិយើង។
ក្នុងន័យនេះ ការដាក់តាំងពិព័រណ៍រូបថតនាថ្ងៃនេះ
គឺជាសកម្មភាពមួយបន្ថែមទៀតសម្រាប់ធ្វើឱ្យពិភព
លោកទាំងមូលកាន់តែទទួលស្គាល់ស្នាដៃ សិល្បៈវប្បធម៌ដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ
ព្រមទាំងគៀងគរ នូវជំនួយគ្រប់ បែបយ៉ាង ទាំងជំនួយបច្ចេកទេស
និងហិរញ្ញវត្ថុ សម្រាប់សកម្មភាពអភិរក្ស អភិវឌ្ឍ
និងផ្សព្វផ្សាយជាបន្ដទៀត។
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !
ក្នុងស្មារតីយកចិត្ដទុកដាក់ចំពោះការធ្វើអភិរក្ស
ការលើកកម្ពស់អត្ដសញ្ញាណជាតិ តាមរយៈសិល្បៈ និង វប្បធម៌
ខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ពន្ធ័ទាំងអស់ រួមទាំង អង្គការ
ស្ថាប័នអភិរក្ស សារមន្ទីរ សិល្បករ ក៏ដូចជា សង្គមស៊ីវិល
នឹងចូលរួមក្នុងកិច្ចការអភិរក្ស
និងអភិវឌ្ឍវប្បធម៌ឱ្យបានខ្លាំងក្លាថែមទៀត។
ជាថ្មីម្ដងទៀត
ខ្ញុំសូមសម្ដែងនូវការកោតសរសើរ ចំពោះក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ និងស្ថាប័ន ពាក់ពន្ធ័របស់រាជរដ្ឋាភិបាល
វិស័យឯកជន ប្រជាជន ទូទាំងប្រទេស និងអង្គការអន្ដរជាតិ
ក៏ដូចជាអង្គការក្រៅរដ្ឋា ភិបាលនានា ពិសេសអង្គការយូណេស្កូ
ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិរក្ស
វប្បធម៌កម្ពុជា។ ការ អភិវឌ្ឍសង្គមកម្ពុជា
ពិសេសការលើកកម្ពស់វប្បធម៌ជាតិ
ពិតជាត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្ដិការដ៏ស្មោះសរ
សមភាព និងមាន ផលប្រយោជន៍ទៅវិញទៅមក
ជាមួយប្រជាជាតិក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដើម្បី
សន្ដិភាព ប្រជាធិបតេយ្យ ព្រមទាំងវឌ្ឍនភាព និងការរស់នៅដោយ
ភាពសុខដុមរមនា ក្នុងបរិយាកាសពហុវប្បធម៌ និងពហុសាសន៍។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្ដែងអំណរគុណផងដែរចំពោះ
រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល
ជានិច្ចកាលតែងជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការ អភិវឌ្ឍ
ប្រទេសកម្ពុជា។
ជាទីបញ្ចប់
ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ភ្ញៀវកិត្ដិយសជាតិ និង អន្ដរជាតិទាំងអស់
សូមប្រកបតែសេចក្ដីសុខ សុភមង្គលក្នុង ក្រុមគ្រួសារ
និងជ័យជំនះគ្រប់ប្រការ ។
ខ្ញុំសូមប្រកាសបើកការតាំងពិព័រណ៍ ស្នាមញញឹមនៃអង្គរ
ជាផ្លូវការចាប់ពីពេលនេះតទៅ !
សូមអរគុណ ! |