Interface Digitization Services Cambodia ...

TMB½redImesckþIRbkasB½t’manRkitükare)aHBumÖpSayTidæakar kRmgc,ab;c,ab;vinieyaKTunzananuRkmrdæaPi)al rmNIydæan³RBHviharCaTIskáarTMnak;TMng

.:: This website used unicode. Please click here to install Khmer Unicode font ::.

“ជនណាតាំងខ្លួនជាសត្រូវនឹងជ័យជំនះ ៧ មករា គឺជាសត្រូវនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា” “ ប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំថ្មី ជាមួយក្ដីសង្ឃឹមចំពោះជ័យជំនះធំៗថ្មីៗទៀត ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន” (សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម)

  .::www.meatophumkhmer.org::. || .::Listen Redio Online::.

ជីវប្រវត្ដិ

កិត្ដយសគ្រឿងឥស្សរិយយស

សន្ទរកថា

ពិពណ៌រូបភាព

 មតិសារព័ត៌មាន

មណ្ឌលព័ត៌មាន

ខុទ្ទការល័យនាយករដ្ឋមន្ដ្រី

អាជ្ញាធរជាតិ

ក្រសួងនានា

ក្រុមប្រឹក្សាជាតិ

 គណៈកម្មការជាតិ

អភិបាលខេត្ដ-ក្រុង

 អង្គជំនុំជម្រៈវិសាមញ្ញ

សាលាភូមិន្ទរដ្ឋបាល

ធនាគារជាតិកម្ពុជា

Cambodia Yellow Pages

កាកបាទក្រហមកម្ពុជា

Office of the Council Ministers....

សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី

រាជរដ្ឋាភិបាលដើម្បី  “សុភមង្គល” “វឌ្ឍនៈភាព” និង “អនាគតរុងរឿង”

>> ស្ថេរភាពនយេបាយ

>> សន្ដិសុខជាតិ

>> ប្រជាធិបតេយ្យភាវូបនីយកម្ម

>> សេដ្ឋកិច្ច

>> ទំនាក់ទំនងអន្ដរជាតិ

To correctly browse our Website, please install Khmer Unicode font and then restart your Computer.

 

 

សុ ន្ទ រ ក ថា

ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្សមន្ដ្រីក្រមការជំនាន់ "នីតិរដ្ឋ" និងវិញ្ញាបនប័ត្រដល់ កម្មសិក្សាការីមន្ដ្រីជាន់ខ្ពស់និងមន្ដ្រីមធ្យមឆ្នាំ២០០៧ និង បើកបវេសនកាលជាផ្លូវការនៃថ្នាក់សិស្សមន្ដ្រីជាន់ខ្ពស់ជំនាន់ និង វគ្គបណ្ដុះបណ្ដាលបន្ដឆ្នាំ២០០៨

សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០០៨


- សូមក្រាបថ្វាយបង្គុំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ

- ឯកឧត្ដម Dominique Freslon ទីប្រឹក្សាទទួលបន្ទុកកិច្ចការវប្បធម៌ និងសហប្រត្ដិបត្ដិការណ៍ ប្រចាំស្ថានទូត នៃសាធារណៈរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិ
- អស់លោក លោកស្រី ជាសាស្ដ្រាចារ្យ មន្ដ្រី បុគ្គលិក សិស្ស កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ទាំងអស់ជាទីមេត្រី

ថ្ងៃនេះ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ មានក្ដីសោមនស្សរីករាយឥតឧបមា ដោយបានមកចូលរួមក្នុងពិធីបិទវគ្គប្រគល់សញ្ញាប័ត្រ រដ្ឋបាលសាធារណៈ ដល់សិស្សមន្ដ្រីក្រមការជំនាន់ " នីតិរដ្ឋ " ចំនួន៥០នាក់ និងវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដល់ កម្មសិក្សាការីមន្ដ្រីជាន់ខ្ពស់ និងមន្ដ្រីមធ្យមឆ្នាំ២០០៧ ចំនួន២០២នាក់ និងបើកបវេសនកាលជាផ្លូវការ នៃថ្នាក់ សិស្សមន្ដ្រីជាន់ខ្ពស់ជំនាន់៥ និងវគ្គបណ្ដុះបណ្ដាលបន្ដ ឆ្នាំ ២០០៨ នៅសាលា ភូមិន្ទរដ្ឋបាល នាពេលនេះ។

ការបញ្ចប់ដោយជោគជ័យនៃវគ្គសិក្សារបស់សិស្សមន្ដ្រីក្រមការ និងកម្មសិក្សាការីឆ្នាំ២០០៧ ហើយនិងការ បើកបវេសនកាលនៃថ្នាក់សិស្សមន្ដ្រីជាន់ខ្ពស់ជំនាន់៥ និងវគ្គបណ្ដុះបណ្ដាលបន្ដឆ្នាំ២០០៨ គឺជាសក្ខីភាព ថ្មីមួយ ទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្ដទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍធនធាន មនុស្ស និងការបណ្ដុះបណ្ដាលនូវមុខជំនាញ ស្មារតីច្នៃប្រឌិត ងឿងឆ្ងល់ចង់យល់ដឹង នូវចំណេះដឹង ចំណេះធ្វើ និង ចំណេះប្រកាន់អត្ដចរិតរមទម្យ ថ្លៃថ្នូរដ៏ចាំបាច់ ដល់មន្ដ្រីរាជការដែលត្រូវបំពេញតួនាទីគន្លឹះ ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាព ប្រជាជនដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។

នៅក្នុងកាសដ៏មានតម្លៃនេះ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវមនោសញ្ចោតនាអបអរសាទរ និងកោតសរសើរ ចំពោះស្នាដៃដែលសំរេចទ្បើងដោយសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្អូនៗកម្មសិក្សាការី ក្មួយៗសិស្ស ព្រមទាំងការយកចិត្ដទុកដាក់អប់រំបណ្ដុះបណ្ដាលរបស់ ឯកឧត្ដម អស់លោក លោកស្រី ជា សាស្ដ្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល រហូតបានលទ្ធផលជាផ្លែផ្កា ប្រកបដោយគុណភាពគួរជាទីពេញចិត្ដ។

ខ្ញុំ មានមោទនៈភាពខ្ពស់ផងដែរ ចំពោះអ្វីដែលប្អូនៗកម្មសិក្សាការី និងក្មួយៗសិស្សមន្ដ្រីជាន់ខ្ពស់ ទាំង ២៥២រូប សំរេចបាននៅថ្ងៃនេះ ពីព្រោះថា នេះមិនមែនត្រឹមតែជាសមិទ្ធផលរបស់ប្អូនៗ និងក្មួយៗប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាសមិទ្ធផលរបស់ប្រទេសជាតិទាំងមូលផងដែរ។ ជោគជ័យរបស់ប្អូនៗ និងក្មួយៗនៅថ្ងៃនេះ បាន ចូលរួមចំណែកក្នុងការបង្កើននូវចំនួន និងគុណភាពធនធានមនុស្ស ដែលបង្ហាញឱ្យឃើញ ពីការ សម្រេចបាននូវ ការពង្រឹងប្រសិទ្ធភាពក្នុងវិស័យសាធារណៈនៅកម្ពុជា។

ដូចដែល ឯកឧត្ដម លី គឹមសុខ នាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងនៅក្នុងរបាយការណ៍ គឺចាប់តាំងពី ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៨នេះ សាលាភូមិន្ទរដ្ឋបាល បានបណ្ដុះបណ្ដាលមន្ដ្រីចំនួន ២៦២៧នាក់ ក្នុងនោះ យើងមានសិស្សមន្ដ្រីក្រមការជំនាន់ " នីតិរដ្ឋ " ចំនួន៥០នាក់ ព្រមទាំងកម្មសិក្សាការីមន្ដ្រីជាន់ខ្ពស់ និង មធ្យម ចំនួន២០២នាក់ ដែលនឹងត្រូវទទួលសញ្ញាប័ត្រ និងវិញ្ញាបនប័ត្រក្នុងពេលបន្ដិចទៀតនេះ។

ស្នាដៃទាំងនេះ ពិតជាពុំអាចកាត់ផ្ដាច់បានពីជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍ ដែលបានជួយ ឧបត្ថម្ភគាំទ្រ ឱ្យដំណើរការនៃការបណ្ដុះបណ្ដាលប្រព្រឹត្ដទៅប្រកបដោយជោគជ័យ។ ក្នុងន័យនេះ ក្នុងនាម សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងការដឹងគុណជាពិសេសចំពោះ រដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានចូលរួមវិភាគទានដ៏មានតម្លៃក្នុងគម្រោងមូលនិធិសាមគ្គីភាពអាទិភាព *ទ្រទ្រង់ ទំនើបកម្មមុខងារសាធារណៈ* ជាពិសេស ជំនួយដល់ការធ្វើទំនើបកម្មសាលាភូមិន្ទរដ្ឋបាល ចាប់តាំងពី ការរៀបចំបើកសាលាឡើងវិញ រហូតមកទល់នឹងបច្ចុប្បន្ននេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្ដិការ បារាំងនឹងនៅតែបន្ដជានិច្ចតទៅទៀត។

ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ផងដែរដល់កិច្ចសហប្រតិបត្ដិការបរទេស និងស្ថាប័នបណ្ដុះបណ្ដាលក្នុងតំបន់ និង លើពិភពលោកផ្សេងៗទៀត ដែលកំពុងមានកិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្ដូរ ជាមួយនឹង សាលាភូមិន្ទរដ្ឋបាល ទាក់ទងនឹងកិច្ចការពង្រឹងបន្ថែមគុណភាពនៃការបណ្ដុះបណ្ដាលមន្ដ្រីរាជការ និងការស្រាវជ្រាវ ផ្នែកសាធារណៈ ឱ្យឈានដល់កំរិត *ឧត្ដមភាព* មួយ និងសូមបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាល កម្ពុជាដល់ សកម្មភាពទាំងនេះ និងសូមអំពាវនាវដល់កិច្ចសហប្រតិបត្ដិការបរទេសផ្សេងទៀត ឱ្យចូលរួមសហការជាមួយ សាលាភូមិន្ទរដ្ឋបាល។

ចំពោះក្មួយៗជាសិស្សមន្ដ្រីក្រមការដែលជាវិញ្ញូជនក្នុងចំណោមមន្ដ្រីក្រមការទាំងអស់ សញ្ញាប័ត្រដែលនឹង ទទួលបានបន្ដិចទៀត គឺជាទ្វារចូលក្នុងការបំពេញកិច្ចការយ៉ាងច្រើននៅក្នុងមុខងារសាធារណៈនៃប្រទេសយើង។ ក្មួយៗបានរៀនចប់ យកចំណេះដឹង ចំណេះធ្វើជាច្រើន ដែលជាទុនសម្រាប់ឱ្យក្មួយៗបំពេញការងាបានល្អ និង ប្រកបដោយប្រសិទ្ធភាព តែសូមក្មួយៗកុំភ្លេចថា នៅក្នុងសម័យសកលភាវូបនីយកម្ម ការវិវត្ដន៍ទៅមុខមាន ល្បឿនលឿនណាស់នៅក្នុងគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យនៃការគ្រប់គ្រងសាធារណៈ ហេតុដូចនេះហើយ ក្មួយៗត្រូវធ្វើបច្ចុប្បន្នភាព លើការដុះខាត់ចំណេះដឹងរបស់ក្មួយជាប្រចាំ ដែលទង្វើនឹងអនុញ្ញាតឱ្យក្មួយៗ អាចបំពេញ ការងារប្រកបដោយប្រសិទ្ធភាព មានការរីកចំរើនទៅមុខនៅក្នុងអាជីព និងអាចកាន់កាប់ ការងារកាន់តែសំខាន់ ឡើងៗ។

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី

- ប្អូនៗ ក្មួយៗ ជាសិស្ស ជាកម្មសិក្សាការី ជាទីមេត្រី

តាមរយៈយុទ្ធសាស្ដ្រចតុកោណ រាជរដ្ឋាភិបាលបានសម្រេច និងកំពុងរៀបចំគម្រោង និងគោលនយោបាយ ជាច្រើននៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះរួមមាន ការធ្វើសនិទានកម្ម មុខងារសាធារណៈ ការអនុវត្ដន៍គម្រោងច្រកចេញចូលតែមួយ ការរៀបចំគោលនយោបាយ ស្ដីពីការផ្ដល់ សេវាសាធារណៈ ការរៀបចំ គោលនយោបាយអភិវឌ្ឈន៍ធនធានមនុស្ស ការពង្រីកការអនុវត្ដន៍យន្ដការ លើកទឹកចិត្ដមន្ដ្រីរាជការ តាមរយៈ កម្មវិធីកន្សោមអាទិភាព PMG កម្មវិធី MBPI ការបង្កើតទីភ្នាក់ងារ ប្រតិបត្ដិការពិសេស (Special Operating  Agency : SOA) ។ល។

ការបង្កើត និងអនុវត្ដគោលនយោបាយ និងយន្ដការទាំងនេះ គឺមានគោលដៅច្បាស់លាស់ក្នុងការធ្វើឱ្យ រដ្ឋបាលសាធារណៈកាន់តែទទួលទំនុកចិត្ដពីប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា និងក្លាយជាដៃគូដែលអាចទុកចិត្ដ បាន និងជាទម្ររឹងមាំមួយ នៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ទាក់ទងនឹងចំណុចនេះ ខ្ញុំសូមរំលឹកថា នៅជាង២ទសវត្សចុងក្រោយនេះ អំណាចសាធារណៈបានកែប្រែ របៀបរបបគ្រប់គ្រងផ្នែកសាធារណៈរបស់ប្រទេសជាច្រើននៅលើពិភពលោក និងបានធ្វើឱ្យរដ្ឋបាលសាធារណៈ ដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់មធ្យោបាយតិច ស្ដាប់ច្រើនពីតម្រូវការរបស់អ្នកទទួល សេវា និងស្ថិតនៅកៀកនឹងប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ កម្លាំងជម្រុញឱ្យមានការកែប្រែ គឺអាចកើតចេញ ពីកំរិតថវិកា និងហិរញ្ញវត្ថុ ការវិវត្ដន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិជ្ជាផងដែរ ដែលបញ្ហាទាំងនេះបានធ្វើឱ្យ រដ្ឋាភិបាលជួបប្រទះការលំបាកក្នុងការឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់សង្គមទាំងមូល។ ហេតុដូចនេះហើយ រដ្ឋបាលសាធារណៈភាគច្រើន តម្រូវឱ្យមានប្រសិទ្ធភាព និងតម្រង់ទិសទៅរក ប្រជាពលរដ្ឋដែលជាអ្នកទទួល សេវា។ ក៏ប៉ុន្ដែ នៅក្នុងប្រទេសរីកចម្រើនមួយចំនួន ការប្រែប្រួលនេះ មិនបានកាត់បន្ថយឥទ្ធិពលរបស់រដ្ឋនៅក្នុង សង្គមទេ។

ចំពោះប្រទេសកម្ពុជា គឺមានលក្ខណៈខុសប្លែកស្ទើរតែទាំងស្រុងពីប្រទេសទាំងនោះ ពីព្រោះរដ្ឋបាល សាធារណៈ របស់យើង ត្រូវបានចាប់រៀបចំឡើងតាំងពីស្ថានភាពសូន្យ និងបានវិវត្ដមកដល់ស្ថានភាពសព្វថ្ងៃ ដោយបាន ឆ្លងកាត់នូវការលំបាក និងឧបសគ្គជាច្រើន និងក្នុងស្ថានភាពមួយដែលធនធានមនុស្ស និងហិរញ្ញវត្ថុ មានកម្រិតទាបបំផុត។ ទោះជាយ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ តាមលទ្ធភាព ដែលមាន និងតាមរយៈការគៀងគរការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីឆ្ពោះទៅសម្រេចគោលបំណងដែលបាន គ្រោងទុក នោះគឺ ការកសាងរដ្ឋបាលសាធារណៈមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួល ខុសត្រូវខ្ពស់។

ក្នុងន័យនេះ ខ្ញុំសូមយកឱកាសដ៏ល្អនេះ ដើម្បីចែករំលែកនូវទស្សទាន និងចក្ខុវិស័យមួយចំនួន ស្ដីពីការ ធ្វើទំនើបកម្មវិស័យសាធារណៈដែលពាក់ព័ន្ធយើងទាំងអស់គ្នា និងដែលប្រទេសកម្ពុជាកំពុងតែតម្រង់ទិសទៅរក ដើម្បីធានានូវការរីកចំរើនមួយប្រកបដោយចីរភាព និងមានតួនាទីកាន់តែសំខាន់ឡើងនៅតំបន់ និងលើឆាក អន្ដរជាតិ។

១. បទពិសោធន៍នៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអំឡុងពេលប៉ុន្មានទសវត្សចុងក្រោយ នេះ បង្ហាញឱ្យឃើញថា ជោគជ័យនៃកំណែទម្រង់ គឺអាស្រ័យលើកត្ដាមួយចំនួន ដូចជា ៖

* ការផ្លាស់ប្ដូរឥរិយាបទ វប្បធម៌ និងរបៀបធ្វើការងាររបស់ភ្នាក់ងារសាធារណៈ (មន្ដ្រីរាជការ) និងស្ថាប័ន

* កិច្ចប្រឹងប្រែងធ្វើទំនើបកម្ម ត្រូវតែស្របទៅនឹងបរិបទតម្រូវការ និងកាលៈទេសៈរបស់ប្រទេស។

* រដ្ឋ ត្រូវយល់ច្បាស់ពីភាពសកម្មប្រកបដោយថាមពល របស់ប្រព័ន្ធរដ្ឋបាលសាធារណៈផ្ទាល់របស់ខ្លួន មុននឹង បង្កើតយុទ្ធសាស្ដ្រកំណែទម្រង់ត្រឹមត្រូវមួយ។ អាជ្ញាធរសាធារណៈ ត្រូវចងចាំផងដែរថា អភិបាលកិច្ចសាធារណៈ និងរដ្ឋបាលសាធារណៈ មិនអាចកាត់ផ្ដាច់ចេញពីគ្នាបាននោះទេ។

* ការធ្វើកំណែទម្រង់ ឬទំនើបកម្ម គឺជាអភិក្រមបន្ដជាយូរអង្វែង ពីព្រោះថា ខណៈដែលសង្គមវិវត្ដ ទៅមុខឥត ឈប់ឈរ នោះរដ្ឋបាលសាធារណៈ ត្រូវតែសម្របទៅតាមការវិវត្ដន៍នេះ ជាអចិន្ដ្រៃយ៍។

២. នៅក្នុងចំណោមការផ្លាស់ប្ដូរនៅក្នុងផ្នែកសាធារណៈ ដែលរាជរដ្ឋាភិបាលយើងចង់សម្រេចបាននាពេល អនាគតតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចដែលប្រទេសជឿនលឿនជាច្រើនកំពុងតែអនុវត្ដនោះ រួមមាន ៖

* រដ្ឋបាលបើកចំហ គឺជារដ្ឋបាលមួយដែលផ្សព្វផ្សាយព័ត៌មានដែលប្រជាពលរដ្ឋចង់បាន ជាពិសេស តាមរយៈ បច្ចេកវិជ្ជាព័ត៌មានវិទ្យា និងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋយល់កាន់តែច្រើនឡើងពីអង្គភាព នានារបស់រដ្ឋ និងចូលរួមនៅក្នុងអភិក្រមនៃការធ្វើសេចក្ដីសម្រេចចិត្ដ។ នេះគឺជាការផ្លាស់ប្ដូរវប្បធម៌ មួយយ៉ាងសំខាន់។ ដូចនេះ រដ្ឋបាលបើកចំហ អាចពង្រឹងភាពពេញច្បាប់ និងជំនឿទុកចិត្ដមកលើ រាជរដ្ឋាភិបាល នងជួយ រដ្ឋាភិបាលឱ្យឆ្លើយតបនឹងតម្រូវការខាងសេវាកម្ម និងព័ត៌មានងាយស្រួល ទទួលបាន និងប្រកបដោយគុណភាព ពីសំណាក់ប្រជាពលរដ្ឋ។

* តម្រូវការខាងផ្លាស់ប្ដូររចនាសម្ព័ន្ធគ្រប់គ្រងនិងការងារ គឺសំដៅទៅលើការកែសម្រួលរចនាសម្ព័ន្ធ រដ្ឋបាល និងគ្រប់គ្រងការងារ និងការផ្ដល់ធនធានមនុស្ស និងហិរញ្ញវត្ថុ ដែលអាចធានាបាននូវ ប្រសិទ្ធភាពខ្ពស់។ ចំពោះអង្គការនីតិប្រតិបត្ដិទំនើបមួយ ការដែលមានលទ្ធភាពកែសម្រួលទម្រង់រៀបចំ នៃផ្នែកសាធារណៈនៅក្នុង កាលានុវត្ដភាពអនុគ្រោះ គឺពិតជាមានសារៈសំខាន់ណាស់។ យោងតាម ការរីកចំរើននៃគណនេយ្យ និង បច្ចេកវិជ្ជាព័ត៌មាន ការផ្ដល់ស្វ័យភាពគ្រប់គ្រងដល់ទីភ្នាក់ងារសាធារណៈ (គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ អាជ្ញាធរនិយ័តកម្ម្ ។ល។) មានភាពងាយស្រួលជាងមុន ហើយនិងអនុញ្ញាត ឱ្យមានទីភ្នាក់ងារដ្ឋជាច្រើន ដែលមានការទទួលខុសត្រូវតាមជំនាញពិសេសៗ។ ការបង្កើតរចនាសម្ព័ន្ធ រដ្ឋបាលបែបថ្មីទំនើបនេះ និងការធ្វើវិមជ្ឈការ នៃការគ្រប់គ្រង និងការផ្ដល់ សេវាប្រភេទទីផ្សារ នឹងបង្កើន លទ្ធផល និងប្រសិទ្ធភាព។

* យន្ដការប្រភេទទីផ្សារត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង នៅក្នុងផ្នែកសាធារណៈ។ អាជ្ញាធរសាធារណៈ បានចាត់វិធានការបង្កើនប្រសិទ្ធភាពផ្នែកសាធារណៈ ដូចជាការប្រគល់សេវាកម្មមួយចំនួនឱ្យឯកជន ធ្វើជំនួស (Contract Out) ភាពជាដៃគូរដ្ឋ-ឯកជន (Public Private Partnership) ។ល។

* ការធ្វើទំនើបកម្មការងារសាធារណៈ សំដៅផងដែរលើការងាររបស់មន្ដ្រីរាជការ ក្នុងនោះរួមមាន ការធ្វើវិមជ្ឈការការទទួលខុសត្រូវលើផ្នែកធនធានមនុស្ស ដើម្បីបង្កើនភាពទន់ភ្លន់ក្នុងការគ្រប់គ្រង ការផ្ដល់ប្រាក់ កម្រៃ និងឧបត្ថម្ភតាមសមត្ថភាព និងការផ្លាស់ប្ដូរនៅក្នុងមុខងារសាធារណៈ។

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី

- ប្អូនៗ ក្មួយៗ ជាសិស្ស ជាកម្មសិក្សាការី ជាទីមេត្រី

យោងតាមទស្សនៈទាន និងចក្ខុវិស័យខាងលើ ខ្ញុំសូមរំលឹកជាថ្មីថា តួនាទីសំខាន់របស់សាលាភូមិន្ទរដ្ឋបាល នៅក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈនៃប្រទេសកម្ពុជា ដើម្បីឱ្យក្លាយទៅជាមុខងារសាធារណៈវិជ្ជាជីវៈ ដែលសមស្របនឹងការវិវត្ដរបស់សង្គម ហើយដែលពោរពេញទៅដោយបញ្ញាជន ដែលមានសមត្ថភាពខ្ពស់ ប្រកាន់ក្រមសីលធម៌ជាមន្ដ្រីរាជការថ្លៃថ្នូរ និងធ្វើការមានប្រសិទ្ធភាពខ្ពស់ ក្នុងចូលរួមបំពេញការងាររដ្ឋ។ ដូចនេះ សាលាភូមិន្ទរដ្ឋបាល គឺជាភ្នាក់ងារដ៏មានអភ័យឯកសិទ្ធមួយនៃការផ្លាស់ប្ដូរឆ្ពោះទៅរកប្រសិទ្ធភាព នៃផ្នែក សាធារណៈ។ នៅក្នុងទិសដៅនេះ សាលាភូមិន្ទរដ្ឋបាលមានកាតព្វកិច្ចសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាល មន្ដ្រី រាជការដែលមានសមត្ថភាព និងដែលប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយនិងមនសិការវិជ្ជាជីវៈ។

ជាការពិតណាស់ និន្នាការនៃការវិវត្ដន៍ផ្នែកការគ្រប់គ្រងកិច្ចការសាធារណៈនាពេលបច្ចុប្បន្ននៅលើពិភព លោក គឺតម្រូវឱ្យអ្នកដឹកនាំរដ្ឋបាល ត្រូវតែជាអ្នកជំនាញការខាងកិច្ចការរដ្ឋបាល និងជា *អ្នកគ្រប់គ្រង* ពីព្រោះ ការបំពេញការងារឱ្យមានលទ្ធផល និងប្រសិទ្ធភាពមួយមុខ មិនគ្រប់គ្រាន់ទេ គឺត្រូវឱ្យមានការសន្សំសំចៃ មធ្យោបាយ ឬដោយប្រើមធ្យោបាយតិចជាទីបំផុត តាមដែលអាចធ្វើទៅបាន ពោលគឺ *ប្រសិទ្ធភាពខ្ពស់ ដោយ ប្រើមធ្យោបាយតិច* ដូចនេះ សាលាភូម្ទិរដ្ឋបាល ត្រូវវិវត្ដ និងសម្របទៅតាមទិសដៅនេះ គឺបណ្ដុះបណ្ដាល មន្ដ្រីរាជការដែលជា *អ្នក ជំនាញរដ្ឋបាលផង និង ជាអ្នកគ្រប់គ្រងផង* សម្រាប់បំពេញការងាររបស់រដ្ឋ។

សាលាភូម្ទិរដ្ឋបាលមានកាតព្វកិច្ចរំពឹងគិតទុកមុនពីតម្រូវការខាងរដ្ឋបាល និងគរុកោសល្យ។ ក្នុងន័យនេះ សាលាភូម្ទិរដ្ឋបាល ស្ថិតនៅចំកណ្ដាលនៃកម្មវិធី កំណែទម្រង់។ ដូចនេះ ខ្ញុំសូមកោតសរសើរ និងគាំទ្រដល់ គំនិតផ្ដួចផ្ដើមដែលបានរៀបចំជាមួយនឹងក្រសួងមហាផ្ទៃ និងក្រោមការគាំទ្ររបស់កិច្ចសហប្រតិបត្ដិការបារាំង និង អង្គការកិច្ចសហប្រតិបត្ដិការអាល្លឺម៉ង់ GTZ-ADRP នូវវគ្គកម្រងបទឧទ្ទេសនាម ស្ដីពី "ទ្រឹស្ដី និងការអនុវត្ដ ជាក់ស្ដែង នៃវិមជ្ឈការនិងវិសហមជ្ឈការសម្រាប់មន្ដ្រីរាជការ" ពីព្រោះការអនុវត្ដន៍នយោបាយវិមជ្ឈការ និង វិសហមជ្ឈការ នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល កំពុងតែមានការរីកចម្រើនទៅមុខ ដូចនេះតម្រូវការមន្ដ្រីរាជការដែលយល់ជ្រាបច្បាស់ពីនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនេះ មានលក្ខណៈចាំ បាច់ណាស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

ម្យ៉ាងវិញទៀត ដោយសាលាភូមិន្ទរដ្ឋបាល បានបើកចំហឱ្យមានកិច្ចសហប្រតិបត្ដិការបរទេសផ្សេងៗ ទៀត និងដោយមានការគាំទ្រពីកិច្ចសហប្រតិបត្ដិការបារាំង សាលាត្រូវតែប្រមូលផ្ដុំនូវបទពិសោធន៍ល្អៗ និង សម្រប ទៅនឹងតថភាពខ្មែរ ដើម្បីបង្កើតនូវគំរូខ្មែរមួយខាងបណ្ដុះបណ្ដាលមន្ដ្រីរាជការ និងការស្រាវជ្រាវខាង វិទ្យាសាស្ដ្ររដ្ឋបាល និងរដ្ឋបាលសាធារណៈ។ ខ្ញុំសូមគាំទ្រ លើកទឹកចិត្ដ និងជំរុញ សាលាភូមិន្ទរដ្ឋបាលឱ្យបន្ដ អភិវឌ្ឍជាមួយស្ថាប័ននៅក្នុងតំបន់ នូវទំនាក់ទំនងភាតរភាព និងប្រកបដោយផ្លែផ្កានេះ។

ជាទីបញ្ចប់ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរថ្វាយ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ សូមប្រកប ដោយសុខភាពល្អ ជ័យជំនះ និងសុភមង្គលក្នុងគ្រួសារ និងសូមឱ្យប្អូនៗ និងក្មួយៗ ជាកម្មសិក្សាការី និងសិស្សដែលទើបនឹងសម្រេចបាននូវជោគជ័យក្នុងការសិក្សា សូមទទួលបានសុខភាពល្អបរិបូរណ៍ និងសម្រេច បាន ជោគជ័យក្នុងតំណែងថ្មី និង ការងារថ្មីរបស់ខ្លួន។

ខ្ញុំសូមសូមប្រកាសបើកបវេសនកាលនៃថ្នាក់សិស្សមន្ដ្រីជាន់ខ្ពស់ជំនាន់៥ និង វគ្គវិក្រឹត្យការមន្ដ្រី ជាន់ខ្ពស់ និងមធ្យមឆ្នាំ២០០៨ ចាប់ពីពេលនេះតទៅ។

សូមអរព្រះគុណ និងសូមអរគុណ !

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia