សវនាកាពិភាក្សាការងារជាមួយ ADB


នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៨ វេលាម៉ោង ០៩ ព្រឹក នាទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្ដមឧបនាយក រដ្ឋមន្ដ្រី សុខ អាន ជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានអនុញ្ញាតិឱ្យលោក UROOJ MALIK នាយកកិច្ចការ កសិកម្ម បរិស្ថាន ហើយនិងធនធានធម្មជាតិ នៃធនាគារអាស៊ី ដើម្បីអភិវឌ្ឍន៍ ADB ព្រមជា មួយនឹងសហការី ចំនួន ៣ រូប គឺលោក MAHFUZ AHMED អ្នកសេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ, លោក CHRIS WENSELY វិស្វករជំនាញ ផ្នែកគ្រប់គ្រងធនធានទឹក និង លោកស្រី NAO IKEMOTO ជំនាញផ្នែកបរិស្ថាន ចូលរួមធ្វើសវនាការពិភាក្សាការងារ ទៅលើប្រធានបទពាក់ព័ន្ធជាមួយសហប្រតិបត្ដិការ រវាង ADB ហើយនិងរដ្ឋាភិបាលកម្ពុជាស្ដីអំពីដំណើរការបញ្ចប់គំរោងកែវិនិយោគរដ្ឋក្នុង ចំការកៅស៊ូ បឹងកេត, មេមត់ ហើយនិងចំការអណ្ដូង ស្របតាមផែនការមេ ដែលបានព្រមព្រៀងរួចហើយពីមុន ហើយ ដែលបានកំណត់ថាត្រូវបញ្ចប់នៅដំណាច់ខែ មិថុនា ឆ្នាំ ២០០៨។


អាស្រ័យការយល់ឃើញរបស់ជំនាញ
ADB លោក MALIK បានជំរាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីថា ADB បានវាយតម្លៃថា ដំណើរការអនុវត្ដគំរោងនៅកម្ពុជាមានល្បឿនលឿនទៅមុខ គួរឱ្យគោរពកោត សរសើរក្រៃលែង ហើយតាមការវាយតម្លៃរបស់ជំនាញ ADB កម្ពុជាត្រូវការពេលវេលា រហូតដល់ទៅ ដំណាច់ខែ វិច្ឆិកា ២០០៨ ទើបអាច បំពេញគំរោងមេ បានចប់សព្វគ្រប់ដោយត្រឹមត្រូវសមស្រប។
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីបានលើកឡើងអំពីសេចក្ដីត្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចង់បាន ការគាំទ្រយ៉ាងមាំ ដល់ផែនការអភិវឌ្ឍន៍ជនបទ ដោយ
ADB ហើយចំពោះបញ្ហាចុងក្រោយនេះ លោក MALIK បានជំរាប ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីថា លោកនឹងប្រឹងប្រែងសំរួលយ៉ាងណាឱ្យកម្ពុជា សម្រេចបាននូវការគាំទ្ររបស់ ADB ។ លោក MALIK បញ្ជាក់បន្ថែមថា ជោគជ័យរបស់កម្ពុជាក្នុងការបំពេញ និងបញ្ចប់គំរោងដែលកំពុងតែត្រូវបានអនុវត្ដ ក្នុងពេលបច្ចុប្បន្ននេះ តួយ៉ាងគំរោងចំការកៅស៊ូ បឹងកេត, មេមត់ និង ចំការអណ្ដូង នឹងក្លាយទៅជាសក្ខីភាព នៃការប្រឹងប្រែង របស់កម្ពុជា ក្នុងប្រសិទ្ធិភាពខ្ពស់ ហើយក៏ជាសញ្ញាវិជ្ជមានសម្រាប់ការគាំទ្រគំរោងដទៃទៀតនៅកម្ពុជាដោយ ADB

ជោគជ័យរបស់កម្ពុជាក្នុងការបំពេញ និងបញ្ចប់គំរោងដែលកំពុងតែត្រូវបានអនុវត្ដ ក្នុងពេលបច្ចុប្បន្ននេះ តួយ៉ាងគំរោងចំការកៅស៊ូ បឹងកេត, មេមត់ និង ចំការអណ្ដូង នឹងក្លាយទៅជាសក្ខីភាព នៃការប្រឹងប្រែង របស់កម្ពុជា ក្នុងប្រសិទ្ធិភាពខ្ពស់ ហើយក៏ជាសញ្ញាវិជ្ជមានសម្រាប់ការគាំទ្រគំរោងដទៃទៀតនៅកម្ពុជាដោយ ADB

ក្នុងបញ្ហាគ្រប់គ្រងធនធានទឹក មានការលើកឡើង ពិចារណាអំពីរបបទឹកហូរ នៅតាមដងទន្លេរមេគង្គ បណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គីសនី តាំងពីភូមិភាគខាងលើ នៃទន្លេមេគង្គ រហូតដល់ភូមិភាគ កណ្ដាល នៃដងទន្លេមេគង្គ។ លោក MALIK បានលើកឡើងកោតសរសើរអំពីទស្សនៈវិស័យដ៏ល្អប្រសើរ ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រជុំ GSM នៅលាវ កន្លងទៅនេះ ដែល សម្ដេចអគ្គ មហាសេនាបតីតេជោ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមានកាតព្វកិច្ច ចែក ចាយព័ត៌មាន ឱ្យបានដឹងឮគ្រប់ៗ គ្នា ហើយធ្វើការរួមគ្នា ដើម្បីប្រយោជន៍រួមគ្នា។

អង្គសវនាការការងារ ក៏បានលើកយកបញ្ហា តំបន់ទំនាបទន្លេសាប មកពិភាក្សាជាមួយគ្នាដែរ។ ហើយ នៅទីបញ្ចប់ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រីក៏បានណែនាំឱ្យអាជ្ញាធរទំនាបទន្លេសាប ធ្វើការសិក្សាជាក់ស្ដែង ផ្អែកលើបច្ចេកទេសខ្ពស់ របស់អាជ្ញាធរស្ដីអំពីរបបទឹក ទាំងប្រាំង ទាំងវស្សា លំហូរទឹកចុះមកក្នុងបឹង ទន្លេសាប ព្រមជាមួយ និងវាលទំនាបបឹងទន្លេសាប ដើម្បីរៀបចំសំណុំលិខិតសុំឱ្យ ADB ជួយគាំទ្រជា ជំនាញការបច្ចេកទេសជាន់ខ្ពស់ ដើម្បីសិក្សាជាមួយគ្នា អំពីគ្រប់បែបបទសម្រាប់គ្រប់គ្រង រក្សាការពារ បឹងទន្លេសាប ដើម្បីចីរភាព។
 

ក្នុងឱកាសនោះដែរលោក MALIK បានលើកឡើងអំពីបំណងរបស់ ADB ក្នុងក្របខ័ណ្ឌ GSM ដើម្បី ចូលរួមសហការជាមួយរាជរដ្ឋាភិបាល រក្សាការពារ និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារជាទីសក្ការៈ ព្រមជាមួយ និងតំបន់ការពារ និងអភិវឌ្ឍជាប់ប្រាសាទព្រះវិហារ ជាទីសក្ការៈទៀតផង។ លោក MALIK ក៏បានឱ្យដឹងដែរ ថាមាន NGO ពីរ គឺអង្គការការពារសត្វព្រៃ Wildlife Conservation Society និងអង្គការមិត្ដព្រះវិហារ Friends of Preah Vihear ក៏មានបំណងសហការការពាររក្សាអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារជាទីសក្ការៈ ដើម្បីអត្ថប្រយោជន៍វិស័យទេសចរណ៍កម្ពុជា។

 

នៅទីបញ្ចប់ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានសម្ដែង នូវអំណរគុណដល់ភ្ញៀវ ADB ដែលបានបង្ហាញផ្លូវសហការ និងសហប្រតិបត្ដិការដ៏ល្អរវាង ADB និង រាជរដ្ឋាភិបាលកម្ពុជា។

 
 
 

© 2007 ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា