លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី
នាថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៨

 
 
 
 

កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៨ វេលាម៉ោង ៨:៣០ នាទី នៅទីស្ដីការបណ្ដោះអាសន្ន នៃគណៈរដ្ឋមន្ដ្រី ដែលមានទីតាំងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានបើក សម័យប្រជុំពេញ អង្គ គណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើ ៖

១- សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រងកាំភ្លើង គ្រាប់បាញ់ និង គ្រឿងផ្ទុះ ដែលត្រូវបានអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់

២- សំណើសុំការអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល កម្លាំង ២០០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ

៣- បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ដ្រីលើ “សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ស្ដីពីការជំរុញ និងការការពារវិនិយោគ” ដើម្បីសុំសច្ចាប័នពីស្ថាប័ន នីតិប្បញ្ញត្ដិ។

១- សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រងកាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដែលត្រូវបានអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់

គណៈរដ្ឋមន្ដ្រីបានសម្រេច ៖

១.១- នៅទំព័រទី ២ មាត្រា ៣ កែសម្រួលទៅជា ៖ “វិសាលភាពនៃអនុក្រឹត្យនេះ គ្របដណ្ដប់លើ ការកាន់កាប់ ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការចែកចាយ ការឱ្យខ្ចី ការជួល ការផលិត ការកែច្នៃដំឡើង ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការនាំឆ្លងកាត់ ការស្ដុក កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដែលត្រូវបាន អនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់ ”។

១.២- នៅទំព័រទី ៣ មាត្រា ៦ បន្ថែមវណ្ណយុត្ដ “។” នៅចុងក្រោយនៃគ្រប់វាក្យខណ្ឌ ដែលចាប់ ផ្ដើមដោយត្រេនីមួយៗ។

១.៣- នៅទំព័រទី ៣ មាត្រា ៩ កែសម្រួលទៅជា ៖ “កាំភ្លើង គ្រាប់បាញ់ ឬគ្រឿងផ្ទុះ និងលិខិត អនុញ្ញាតទាំងឡាយ ឬប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ ត្រូវតែបានបង្ហាញដល់ភ្នាក់ងារមានសមត្ថកិច្ច នៅពេល មានសំណូមពរត្រួតពិនិត្យ”។

១.៤- នៅទំព័រទី ៤ មាត្រា ១០ កែសម្រួលទៅជា ៖ “ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការចែក ចាយ ការជួល ការផលិត ការកែច្នៃដំឡើង ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការនាំឆ្លងកាត់ ការស្ដុក កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដូចបានចែងក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះ ត្រូវមានការ យល់ព្រមជាមុន ពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ”។

១.៥- នៅទំព័រទី ៥ មាត្រា ១៦ កែសម្រួលទៅជា ៖ “ក្នុងរយៈពេល ៣ (បី) ខែយ៉ាងយូរ បន្ទាប់ ពីអនុក្រឹត្យនេះ ចូលជាធរមាន ជនណាដែលបានកាន់កាប់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដូចមានចែងក្នុង មាត្រា ៤ នៃអនុក្រឹត្យនេះ ត្រូវយកមកចុះបញ្ជីនៅក្រសួងមហាផ្ទៃជាកំហិត”។

ក្រៅពីការកែសម្រួលខាងលើ គណៈរដ្ឋមន្ដ្រីបានសម្រេចឯកភាពតាមសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី លក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រងកាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះ ដែលត្រូវបានអនុញ្ញាតឱ្យជន ស៊ីវិល ប្រើប្រាស់ ដែលក្រសួងមហាផ្ទៃ និងអង្គប្រជុំអន្ដរក្រសួង បានរៀបចំស្នើឡើងមកនេះ ។

២- សំណើសុំការអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល កម្លាំង ២០០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ

គណៈរដ្ឋមន្ដ្រីបានសម្រេចឯកភាពលើគម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល កម្លាំង ២០០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ តាមសំណើរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដូច ខាងក្រោម ៖

១.១- អនុញ្ញាតឱ្យក្រុមហ៊ុន Power Synergy Corporation Co., Ltd វិនិយោគលើគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល កម្លាំង ២០០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ។

១.២- អនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្ដគម្រោង វិនិយោគនេះ ជាមួយក្រុមហ៊ុន។

១.៣- អនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់គម្រោងវិនិយោគនេះ។

១.៤- អនុញ្ញាតឱ្យអគ្គិសនីកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ លក់ អគ្គិសនី សម្រាប់គម្រោង វិនិយោគនេះ ជាមួយក្រុមហ៊ុន។

១.៥- ធ្វើសំណើសុំទៅស្ថាប័ននីតិប្បញ្ញត្ដិ ដើម្បីផ្ដល់សច្ចាប័នលើលិខិតធានារបស់រាជរដ្ឋាភិបាល ក្រោយ ពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើលិខិតធានានេះរួច។

ទន្ទឹមនេះ គណៈរដ្ឋមន្ដ្រីបានសម្រេចប្រគល់ភារកិច្ចជូន

២.១- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើ ការសិក្សារួមគ្នា ក្នុងការកសាងផ្លូវប្រវែងជាង ៤០ គ.ម ពីទីរួមខេត្ដកោះកុង ទៅដល់ទីតាំងគម្រោង ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម កម្លាំង ២៣៥ មេហ្គាវ៉ាត់ ដើម្បីបម្រើសេចក្ដីត្រូវការក្នុងការដឹក ជញ្ជូនគ្រឿងចក្រ សម្ភារៈ និងបរិក្ខារ សម្រាប់ការសាងសង់ស្ថានីយវារីអគ្គិសនីនេះ និងសម្រាប់ការតភ្ជាប់ គម្រោងខ្សែបញ្ជូនអគ្គិសនី ពីស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ទៅទីរួមខេត្ដកោះកុង។

ការពិភាក្សា និងការសម្រេចលើដំណើរការសាងសង់ផ្លូវខាងលើនេះ គឺពុំចាំបាច់ធ្វើការចរចា ជាមួយ អង្គការ Wild Aid ឬរង់ចាំការធ្វើសិក្ខាសាលារបស់អង្គការ Wild Aid ឡើយ។

២.២- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ប្រើប្រាស់ពាក្យ “អត្រាពន្ធសូន្យ” ជំនួសពាក្យ “លើក លែងពន្ធ” ដូចមាននៅទំព័រទី ៣២ ចំណុចទី ៣ និងចំណុចទី ១០ នៃឯកសារគម្រោងអភិវឌ្ឍន៍រោងចក្រ អគ្គិសនី ដុតធ្យូងថ្មនាំចូល កម្លាំង ២០០ មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុ ដោយកែសម្រួលទៅជា ៖

ចំណុចទី ៣ ៖ “អត្រាពន្ធសូន្យ លើការនាំចូលធ្យូងថ្ម សម្រាប់រយៈពេលធ្វើអាជីវកម្ម” និងចំណុចទី ១០ ៖ “អត្រាពន្ធសូន្យ លើការនាំចូលគ្រឿងម៉ាស៊ីន បរិក្ខារ ឧបករណ៍ និងសម្ភារៈនានា សម្រាប់ការសាងសង់ លើកលែងតែប្រេង ឥន្ធនៈដែលប្រើប្រាស់ក្នុងពេលសាងសង់ ក្រុមហ៊ុន ត្រូវបង់ពន្ធ ធម្មតា ស្របតាមច្បាប់ វិនិយោគ និងសេចក្ដីប្រកាសផ្សេងៗដែលពាក់ព័ន្ធ”។

៣- បញ្ហាផ្សេងៗ

គណៈរដ្ឋមន្ដ្រីបានសម្រេច ៖

៣.១- យល់ព្រមបញ្ជូនសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជ- រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ស្ដីពីការជំរុញ និងការពារវិនិយោគ ទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្ដិ។

៣.២- ប្រគល់ភារកិច្ចជូនក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវធ្វើការណែនាំដល់អាជ្ញាធរដែនដីខេត្ដ ក្រុង និងកម្លាំងមានសមត្ថកិច្ច ខិតខំចាត់វិធានការ ការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស ២៥៥២ ខាងមុខនេះ ឱ្យបានល្អប្រសើរ ជាពិសេស សាលាក្រុងភ្នំពេញ ត្រូវធ្វើការ ណែនាំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ អំពីការហាមឃាត់ការ លេងគប់ទឹក ប៉ាតម្សៅ បាញ់បោះកាំភ្លើង គ្រប់ប្រភេទជាដើម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទទួលបានសេចក្ដីជូនដំណឹងនេះ គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវយកចិត្ដទុកដាក់ អនុវត្ដឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

ចម្លងជូន ៖

ជ.រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នពាក់ព័ន្ធ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ដ្រី
- ខុទ្ទកាល័យឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
- សាលាខេត្ដ ក្រុង
- គ្រប់នាយកដ្ឋាន អង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្រ្តី
- ឯកសារ កាលប្បវត្ដិ

រដ្ឋលេខាធិការ
ប្រាក់ សុខុន

 

 

 

© 2007 ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា