Interface Digitization Services Cambodia ...

ទំព័រដើម  |  ទីស្ដីការគណៈរដ្ឋមន្ដ្រី  |  ព័ត៌មាន  |  សកម្មភាព | អនុក្រិត  | ទំនាក់ទំនង  |

     
 

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
អាជ្ញ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
លេខៈ ១៩៨/០៧ អ.ជ.ដ

របាយការណ៍ ឆមាសទី ១ ឆ្នាំ ២០០៧
ស្ដីពី

សកម្មភាព និងលទ្ធផលការងាររបស់ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (អ.ជ.ដ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៦/០៦៧ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៦ ដែលមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការ ក្នុងការប្រតិបត្ដិការងារប្រចាំថ្ងៃ ។ ក្នុងអំឡុង ឆមាសទី ១ ឆ្នាំ២០០៧ នេះ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបំពេញការងារក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ និងសម្រេចបាននូវ សមិទ្ធផល សំខាន់ៗ គួរឱ្យកត់សំគាល់ មួយចំនួនដូចខាងក្រោមៈ

I- អំពីការងារទទួលពាក្យបណ្ដឹង

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានទទួលពាក្យបណ្ដឹងផ្ទាល់ ពីប្រជា-ពលរដ្ឋ និងពីស្ថាប័នផ្សេងៗ ចំនួន ១១៦ ករណីដែល ក្នុងចំនួននេះ អគ្គលេខាធិការដ្ឋាន បាន ធ្វើការបែង ចែកទៅតាមស្ថាប័នជំនាញដើម្បីជម្រុញឱ្យពិនិត្យ និងតាមដាន ដោះស្រាយ ដូចខាងក្រោមៈ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៖ ០១ ករណី ដើម្បីជាសមត្ថកិច្ច
- ក្រសួងយុត្ដិធម៌ចំនួន ៖ ២២ ករណី ដើម្បីជាសមត្ថកិច្ច
(ចំពោះបណ្ដឹងដែលធ្លាប់បានប្ដឹង ឬកំពុងដោះស្រាយនៅតុលាការខេត្ដ-ក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូល)
- លេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ចំនួន ៖ ៧៩ ករណី ដើម្បីជម្រុញឱ្យពិនិត្យ និងតាម ដាន ដោះស្រាយ តាមសមត្ថកិច្ច
- លេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ចំនួន ៖ ៧៩ ករណី ដើម្បីជម្រុញឱ្យពិនិត្យ និងតាម ដានដោះស្រាយ តាមសមត្ថកិច្ច
- ក្រសួងមហាផ្ទៃ ចំនួន ៖ ០១ ករណី ដើម្បីជាសមត្ថកិច្ច
- ក្រសួងការពារជាតិ ចំនួន ៖ ០៣ ករណី ដើម្បីជាសមត្ថកិច្ច
- សាលាក្រុងភ្នំពេញ ចំនួន ៖ ០២ ករណី ដើម្បីជាសមត្ថកិច្ច
- សាលាខេត្ដស្ទឹងត្រែង ចំនួន ៖ ០៣ ករណី ដើម្បីជាសមត្ថកិច្ច
- សាលាខេត្ដបាត់ដំបង ចំនួន ៖ ០១ ករណី ដើម្បីជាសមត្ថកិច្ច
- សាលាខេត្ដកំពត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចំនួនៈ ០១ ករណី ដើម្បី ជា សមត្ថកិច្ច
- ដើមបណ្ដឹងសុំដកពាក្យវិញ ចំនួន ៖ ០២ ករណី
- ច្រានចោល ចំនួន ៖ ០៣ ករណី និងបានធ្វើលិខិតឆ្លើយតបពាក់ព័ន្ធនឹងបណ្ដឹងដីធ្លីទៅស្ថាប័ន មួយ ចំនួនដូចជាៈ
- រដ្ឋសភា ចំនួន ៖ ៤ ករណី
- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៖ ១១ ករណី
II- អំពីលទ្ធផលការងាររបស់ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

១- បានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯកជន និងរដ្ឋ អំពីសកម្មភាពចុះបង្ក្រាបបទល្មើស ព្រៃឈើ ដែលជា ប្រភពភ្នក់ភ្លើងដ៏់ គ្រោះថ្នាក់ បំផុតដែលបណ្ដាលឱ្យមានបញ្ហាទំនាស់ដីធ្លី។
២- បានចូលរួមចុះដោះស្រាយបញ្ហារំលោភបំពានយកដីបរិស្ថាននៅស្រុកកំពង់សីលា ខេត្ដកោះកុង ហើយ ប្រមូលដីមកទុក ជាសម្បត្ដិរដ្ឋ វិញបាន ចំនួន ៩០ ហិកតា ដោយសន្ដិវិធី។
៣- បានរៀបចំសារាចរលេខ ០២ ស្ដីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ សំរេច និងចុះ ហត្ថលេខា។
៤- អនុវត្ដតាមបទបញ្ជាលេខ ០១ និងបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ដ-ក្រុង រដ្ឋបាល ព្រៃឈើ រដ្ឋបាលជលផល និងក្រសួង បរិស្ថាន បានប្រមូលមកវិញនូវផ្ទៃដីព្រៃឈើគ្រប់ប្រភេទ ដែលកាន់កាប់ ដោយខុសច្បាប់ មកទុកជាសម្បត្ដិរដ្ឋបានចំនួន ២២៦.៩២៧,៤០ ហិកតា (គិតត្រឹមខែកក្កដា ឆ្នាំ ២០០៧) និងរណាយន្ដកាត់-អារឈើ គ្រប់ប្រភេទបានចំនួន ៤៧៣ គ្រឿង (គិតត្រឹមខែកុម្ភៈ ឆ្នាំ២០០៧)។
៥- បានរៀបចំសេចក្ដីជូនដំណឹងឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន មានវិធានការ ផ្ទេរភារកិច្ច ដកមុខតំណែង និង បណ្ដេញចេញពីក្របខណ្ឌមន្ដ្រីរាជការ ចំពោះប្រធានមន្ទី ររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដកោះកុង និងប្រធានមន្ទីរបរិស្ថាន ខេត្ដកោះកុង ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការសុំធ្វើ ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ក្នុងតំបន់ដែន ជំរក សត្វព្រៃពាមក្រសោប ស្ថិតក្នុង ភូមិស្ទឹងវែង ឃុំស្ទឹងវែង ស្រុកស្មាច់មានជ័យ ខេត្ដកោះកុង។
៦- បានចេញលិខិតជូនដំណឹងដល់អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យរៀបចំសំណើបញ្ចូល សមាសភាព ខណ្ឌរដ្ឋបាលព្រៃឈើ និង ខណ្ឌរដ្ឋបាលជលផល ក្នុងអនុគណៈកម្មាធិការវិនិយោគខេត្ដ-ក្រុង ដើម្បីពិនិត្យលើការ អនុញ្ញាតលើសម្បទានដីសេដ្ឋកិច្ច ទាំងឡាយណាដែលប៉ះពាល់ ដីព្រៃឈើ និងដែន ការពារជលផលតាមនីតិវិធី ។
៧- បានរៀបចំអនុក្រឹត្យស្ដីពីការធ្វើអនុបយោគដីព្រៃបំរុងទុកអចិន្ដ្រៃយ៍របស់រដ្ឋ និងការផ្ដល់សម្បទានដី សង្គមកិច្ចជូន ប្រជាពលរដ្ឋចំនួន ៤១ គ្រួសារ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង ទំហំ ៥,១២៩៩ ហិកតា (ប្រាំហិកតា មួយពាន់ពីររយកៅសិបប្រាំបួន ម៉ែត្រការ៉េ) ដាក់ជូន ប្រមុខរាជរដ្ឋាភិបាល ពិនិត្យសំរេច និងចុះ ហត្ថលេខា។
៨- បានចាត់វិធានការតាមផ្លូវច្បាប់ចំពោះឧកញ៉ា តាន់ សេងហាក់ និងឧកញ៉ា តែ ហាំង ដែលពាក់ព័ន្ធ នឹងករណីរំលោភដីធ្លី និងកាប់ទន្ទ្រានដីព្រៃឈើ ដោយខុសច្បាប់ ហើយបច្ចុប្បន្នតុលាការកំពុងដំណើរការតាម នីតិវិធីនៃច្បាប់។
៩- បានរៀបចំអនុក្រឹត្យស្ដីពី ការធ្វើអនុបយោគដីព្រៃបម្រុងទុកអចិន្ដ្រៃយ៍របស់រដ្ឋ ការអនុវត្ដសម្បទាន ដីសង្គមកិច្ច និង ការផ្ដល់ដីជូន កងយោធ ពលខេមរភូមិន្ទ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
១០- បានរៀបចំលិខិតជូនដំណឹងដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ ឱ្យមានវិធានការរដ្ឋបាលដ៏តឹងរឹង ចំពោះ មន្ដ្រីចំនួន ១៥ រូប ព្រោះមន្ដ្រី្ដ ទាំងនោះបានរំលោភលើ គោលការណ៍ច្បាប់ភូមិបាល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីកិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ផ្គើននឹងបទបញ្ជាដ៏ខ្ពង់ ខ្ពស់បំផុត របស់សម្ដេចនាយករដ្ឋមន្ដ្រី។
១១- បានរៀបចំវេទិកានិស្សិតប្រកួតពិភាក្សាលើបញ្ហាដីធ្លី ដោយសហការជាមួយទូរទស្សន៍ជាតិកម្ពុជា លើប្រធានបទចំនួន ៣ គឺៈ
១- តើសម្បទានដីសង្គមកិច្ច និងសម្បទានដីសេដ្ឋកិច្ច មួយណាមានសារសំខាន់ជាង?
២- តើយន្ដការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ និងតាមប្រព័ន្ធតុលាការមួយណាប្រសើរជាង?
៣- គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដែលល្អគឺ បង្ការបាននូវបដិវត្ដន៍ដីធ្លី។
១២- បានរៀបចំអនុក្រឹត្យស្ដីពីការចាត់ថ្នាក់ដីព្រៃបម្រុងទុកអចិន្ដ្រៃយ៍ ការធ្វើអនុបយោគ និងការ ប្រគល់ អាណត្ដិកាន់កាប់ដីរដ្ឋ ទំហំ ៨៤៤ ហិកតា នៅតំបន់ដំរីផុង ឃុំត្រញំងភ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកកំពត ខេត្ដកំពត ដើម្បីបែងចែកជូន ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ តាមស្មារតីនៃ អនុក្រឹត្យស្ដីពី សម្បទានដីសង្គមកិច្ច។
១៣- បានចុះធ្វើអធិការកិច្ចលើការអនុវត្ដបទបញ្ជាលេខ ០១, ០២ , សារាចរលេខ ០២ និងការចែងចែក សម្បទានដី សង្គមកិច្ចនៅខេត្ដស្ទឹងត្រែង, ក្រចេះ, កោះកុង, ក្រុងព្រះសីហនុ, បាត់ដំបង និងបន្ទាយ មានជ័យ។
១៤- បានចុះធ្វើអធិការកិច្ចលើសកម្មភាពរបស់ក្រុមហ៊ុន
YLP Co.LTD ដែលទីស្ដីការគណៈរដ្ឋមន្ដ្រី បាន ចេញសេចក្ដី ជូនដំណឹងលេខ ៥៩៧ ស.ជ.ណ ចុះថ្ងៃទី ០៤-០៥-០៧ សម្រេចលប់ចោលនូវលិខិតលេខ ៨៥៣ ស.ជ.ណ ចុះថ្ងៃទី ០១-០៦-០៥ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន YLP Co.LTD ធ្វើការវិនិយោគ និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្ដ ស្ទឹងត្រែង ដោយហេតុថាក្រុមហ៊ុន នេះបានវាតយកដីលើសពី ស.ជ.ណ កំណត់ឱ្យ និងមិនបានបំពេញបែប បទដែលជាលក្ខខណ្ឌចាំបាច់សម្រាប់អនុវត្ដ សម្បទាន ដីសេដ្ឋកិច្ច ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
១៥- បានចុះដោះស្រាយបញ្ចប់ទំនាស់ដោយសន្ដិវិធី លើករណីសំណើសុំបិទផ្លូវមួយខ្សែរបស់អគ្គនាយកដ្ឋាន កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងសុំ តភ្ជាប់ផ្លូវមួយខ្សែទៀតជំនួសឱ្យផ្លូវដែលបានបិទ ដោយមានការ ឯកភាពពីអង្គភាពកំពង់ផែ ស្វយ័ត និងរោងចក្រ សាន់ វ៉ា ស្ថិតនៅសង្កាត់លេខ ៣ ខណ្ឌមិត្ដភាព ក្រុង ព្រះសីហនុ។
១៦- បានចុះដោះស្រាយបញ្ចប់ផងដែរនូវទំនាស់ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ គឺការ រំលោភយកដី បញ្ចុះសពជាង ៨០ ផ្នូរ នៅ សង្កាត់លេខ ៣ ខណ្ឌមិត្ដភាព ក្រុងព្រះសីហនុ ដោយចេញ គោលការណ៍ ៣ គឺ ទី១- ស្នើឱ្យ សាលាក្រុង ចេញលិខិតបដិសេធរាល់លិខិតទិញ-លក់ ដែលមានបញ្ជាក់ ដោយអាជ្ញាធរភូមិ-ឃុំ ទី២- ស្នើឱ្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញលិខិត បដិសេធរាល់លិខិតរដ្ឋបាល ដែលនាំដល់ការចេញប័ណ្ណ សំគាល់សិទ្ធិដែលមានទីតាំងនៅលើដីទំនាស់ និង ទី៣- ស្នើឱ្យសាលាក្រុងចុះវាស់វែងទីតាំងដីទំនាស់ឡើងវិញ។
១៧- បានចុះដោះស្រាយករណីដីទំនាស់រវាងប្រជាពលរដ្ឋចំនួន ៩២ គ្រួសារជាមួយក្រុមហ៊ុនចំរើនជាតិ និងលោក សរ ស៊ឹង នៅភូមិ ៤ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ ដោយតំរូវឱ្យសាលាក្រុង ៖

- បង្កើតក្រុមការងារ ដើម្បីចុះស្រង់ស្ថិតិអ្នកដែលខ្វះដីពិតប្រាកដ ដែលបានរស់នៅលើដីទំនាស់
- រៀបចំ និង បែងចែកដីសម្បទានសង្គមកិច្ច ចំពោះអ្នកដែលខ្វះដី និង គ្មានដី
- សិក្សាស្រាវជ្រាវ រកមេក្លោងបំផុសបំផុលប្រជាពលរដ្ឋ ឱ្យទៅរស់នៅលើដីទំនាស់ ។

១៨- បានចុះដោះស្រាយករណីដីទំនាស់នៅតំបន់រមណីយដ្ឋានក្បាលឆាយ ដោយអង្គប្រជុំបានសម្រេចឱ្យ រដ្ឋបាលព្រៃឈើ ប្រជុំពិភាក្សា ជាមួយ អាជ្ញាធរក្រុងព្រះសីហនុ ដើម្បីស្នើនូវវិធានការដោះស្រាយ ។
១៩- បានចុះដោះស្រាយករណីរំលោភកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុ “រាម” ដោយបានជម្រុញឱ្យ រដ្ឋបាលព្រៃឈើ និងមន្ទីរ បរិស្ថាន សហការជាមួយអាជ្ញាធរក្រុងពិភាក្សាអំពីទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីមានមូលដ្ឋាន គ្រប់គ្រាន់ សម្រាប់ដាក់ឆ្លងការ ប្រជុំពេញអង្គរបស់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី។
២០- បានចុះដោះស្រាយករណីលោកវរសេនីយ៍ទោ រៀម លីម៉ា បញ្ជាការរងតំបន់ប្រតិបត្ដិការ សឹកខេត្ដ កោះកុង ដែលបាន ទន្ទ្រានដីព្រៃឈើយក ធ្វើជាកម្មសិទ្ធិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ដងពែង របស់ក្រសួង បរិស្ថាន ទំហំ ២៧០,៤៨០ ហិកតា ដោយឱ្យខេត្ដចេញដីកាដកហូតដីមកទុក ជាសម្បត្ដិរដ្ឋវិញ។
២១- បានចាត់វិធានការចំពោះមន្ដ្រីគយប្រចាំស្រុកស្រែអំបិលពីររូប និងមន្ដ្រីជលផលមួយរូបដែលបាន កាប់ឆ្ការបំផ្លាញ ទន្ទ្រានយកដីធ្វើជា កម្មសិទ្ធិ នៅស្រុកស្រែអំបិល ខេត្ដកោះកុង ហើយករណីនេះរាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួង បរិស្ថានធ្វើជាដើមបណ្ដឹងដោយ សហការណ៍ ជាមួយ មេធាវីរបស់អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី រៀបចំសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសទៅ តាមច្បាប់ ជាធរមាន។
២២- បានចាត់វិធានការចំពោះមន្ដ្រីបរិស្ថានបីរូប និងឈ្មួញពីររូប ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញ និង ជួញដូរឈើខុសច្បាប់ នៅក្នុង ដែនជំរកសត្វព្ រៃបឹងពែរ ខេត្ដព្រះវិហារ ហើយករណីនេះត្រូវបាន តុលាការ ក្រុងភ្នំពេញដំណើរការតាមនីតិវិធី ដើម្បីធ្វើការវិនិច្ឆ័យ ទោសទៅតាមច្បាប់ជាធរមាន។ ក្នុងការចុះបង្ក្រាប ករណីខាងលើនេះ វត្ថុតាងដែលរឹបអូសបានរួម មានៈ ឈើ ចំនួន ២១៥.៩១៣ ម៉ែត្រគូប ដែលភាគ ច្រើនជាប្រភេទឈើផ្ដៀក, ម៉ាស៊ីនអូសរណារ ០១ គ្រឿង, រថយន្ដដឹក ជញ្ជូនធុនធំ ០១ គ្រឿង, ម៉ាស៊ីន កំលាំង ១៨ សេស ០១ គ្រឿង, ម៉ាស៊ីនគោយន្ដ ២៤ សេស ០១ គ្រឿង, ធុងប្រេងចំណុះ ២២០ លីត្រ ចំនួន ០៤ និងចំណុះ ៣០ លីត្រ ចំនួន ០៦។
២៣- បានចាត់វិធានការចំពោះឈ្មួញចំនួន ៤ រូប ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញ ជួញដូរឈើ និងប្រើ ប្រាស់រណាយន្ដខុសច្បាប់ នៅក្នុង ខេត្ដ ស្ទឹងត្រែង។ ករណីនេះបច្ចុប្បន្ន តុលាការក្រុងភ្នំពេញ កំពុងដំណើរ ការទៅតាមនីតិវិធីច្បាប់។
២៤- បានរួមចំណែកចុះដោះស្រាយការរំលោភបំពានដីធ្លីដែលស្ថិតនៅក្នុងតំបន់អប្សារា ហើយបញ្ជូន មេក្លោងពីររូបទៅ តុលាការ ដើម្បីធ្វើការវិនិច្ឆ័យ ទោសតាមច្បាប់។
២៥- បានផ្ដល់ព័ត៌មានដល់រដ្ឋបាលព្រៃឈើខេត្ដបាត់ដំបង, ខេត្ដកំពង់ស្ពឺ ដើម្បីចាត់វិធានការចំពោះការ កាប់បំផ្លាញ ចរាចរ និងស្ដុកទុកឈើខុសច្បាប់ ក្នុងនោះខេត្ដបាត់ដំបង ដោយរឹបអូសឈើបានចំនួន ១៩ម៣ និងខេត្ដកំពង់ស្ពឺ រឹបអូសឈើបាន ចំនួន ១០ម៣។
២៦- បានជួយអន្ដរាគមន៍ និងផ្ដល់មេធាវីដើម្បីការពារបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ នៅតុលាការ ក្រុងព្រះសីហនុ ដែល ពាក់ព័ន្ធនឹងដី សាធារណៈ របស់រដ្ឋ នៅតំបន់ពយកំពេញ។
២៧- បាន និងកំពុងចុះដោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយជាយូរឆ្នាំមកហើយរវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងអង្គការ សុវណ្ណកុមារ នៅខេត្ដ កណ្ដាល។
២៨- បានចុះស្រាវជ្រាវលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច នៅស្រុកពញាឮ និងស្រុក មុខកំពូល ក្នុងខេត្ដ កណ្ដាល។
២៩- បានចុះស្រាវជ្រាវករណីទំនាស់ដីធ្លីចំនួន ៤ ករណី នៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុក ល្វាឯម និងស្រុក កៀនស្វាយ ខេត្ដកណ្ដាល។
៣០- បានចុះដោះស្រាយករណីរំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋនៅតំបន់បឹងប្រាំ ខេត្ដបាត់ដំបង ដោយ ស្នើឱ្យអាជ្ញាធរខេត្ដៈ
- ចេញដីកាដកហូតដីព្រៃឈើក្នុងតំបន់បឹងប្រាំនេះមកទុកជាសម្បត្ដិរដ្ឋវិញ ដោយផ្អែកតាមបទញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល និងស្រាវជ្រាវរក មេក្លោងដែលបំផុសប្រជាពលរដ្ឋឱ្យមកតាំងទីលំនៅនៅតំបន់នេះ ពិសេសគឺទប់ស្កាត់ការកេងចំណេញខាងនយោបាយ ពីមជ្ឈ ដ្ឋានមួយចំនួនដែល នៅពីក្រោយបញ្ហានេះ
- ស្វែងរកទីតាំងសមស្របណាមួយ ដើម្បីធ្វើសម្បទានដីសង្គមកិច្ចជូនអ្នកដែលគ្មានដីពិតប្រាកដ ។
៣១- បានចុះដោះស្រាយករណីកាប់ទន្ទ្រានដែនជម្រកសត្វព្រៃរនាមដូនសំ ដោយបានណែនាំឱ្យៈ
- អាជ្ញាធរខេត្ដចេញដីកាតាមបទបញ្ជាលេខ ០១ ដើម្បីដកហូតយកដីព្រៃឈើគ្រប់ប្រភេទរបស់រដ្ឋដែលកាន់ កាប់ដោយខុសច្បាប់មកវិញ និងបន្ដ អនុវត្ដតាមបទបញ្ជាលេខ ០២ ហើយក្នុងករណីមានការតវ៉ាត្រូវអនុវត្ដ តាមសារាចរលេខ ០២
- អាជ្ញាធរខេត្ដបន្ដអនុវត្ដសេចក្ដីជូនដំណឹងលេខ ១២៤៨ សជណ ចុះថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០០៤ របស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលរាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីទំហំ ១០.០០០ ហិកតា ដើម្បីធ្វើជាដី សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ២.១០៣ គ្រួសារដែលខ្វះដីពិតប្រាកដ
- អាជ្ញាធរខេត្ដ និងមន្ដ្រីបរិស្ថាន ត្រូវខិតខំការពារផ្ទៃដីដែលនៅសល់ចំនួន ៣០.០២១ ហិកតា សម្រាប់អភិរក្ស ជាដែនជម្រក សត្វព្រៃរនាមដូនសំ។
៣២- បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ នៅឃុំប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ។
៣៣- បានចុះដោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ២១គ្រួសារ និងសមាគមអភិវឌ្ឍន៍ កសិកម្មជាតិ នៅតំបន់ ចាន់គីរី ដោយ សម្រេចឱ្យ គណៈកម្មការចំរុះដែលដឹកនាំដោយឯកឧត្ដម សុខ សារ៉េត អភិបាលរងខេត្ដបន្ដអនុវត្ដ ការងាររបស់ខ្លួនដោយត្រូវចុះទៅពិនិត្យឱ្យដល់ទីកន្លែងដីទំនាស់ និង ធ្វើការវាស់វែង និងកំណត់ប្លង់នៃទីតាំងដីទំនាស់ នោះឱ្យបានច្បាស់លាស់ស្របតាម ស.ជ.ណ លេខ ១៨៣៦ ចុះថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០០៦ របស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ព្រមទាំងបញ្ជូល បន្ថែមតំណាង សមាគមអភិវឌ្ឍន៍កសិកម្មជាតិចំនួន ០១រូប នៅក្នុងគណៈកម្មការចំរុះនេះតាមការ ស្នើសុំរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ ដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះ។
៣៤- បានចុះដោះស្រាយករណី ប្រជាពលរដ្ឋ ៦០០គ្រួសារ ក្រុមហ៊ុន សំ ផាន់ណារិទ្ធ និងក្រុមហ៊ុន សេង ហុងហេង ដែលបាន ស្នើសុំមកវិញនូវ ផ្ទៃដីបង្កបង្កើនផល និងដីអភិវឌ្ឍន៍ដែលខេត្ដបានចេញ ដីកាដកហូតកន្លងមកដោយបានផ្ដល់ អនុសាសន៍ឱ្យៈ
- អនុគណៈកម្មាធិការខេត្ដ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុតឈូសឆាយ និង ហ៊ុមព័ទ្ធដីព្រៃ ឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ធ្វើការពិនិត្យជាក់ស្ដែងចំពោះប្រជាពលរដ្ឋ ៦០០គ្រួសារ ដែលខេត្ដបាន ចេញដីកាដកហូតដី
- ចំពោះសំណើរបស់ក្រុមហ៊ុន សំ ផាន់ណារិទ្ធ និងក្រុមហ៊ុន សេង ហុងហេង ដែលពាក់ព័ន្ធ នឹងដីសាធារណៈរបស់រដ្ឋ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី នឹងលើកយោបល់ស្នើសុំ ការសំរេចដ៏ខ្ពង់ខ្ពស់ បំផុតពី សម្ដេចនាយករដ្ឋមន្ដ្រី។
៣៥- បានចុះដោះស្រាយករណីដីទំនាស់ ៥ ហិកតា រវាងប្រជាពលរដ្ឋ ២៥០គ្រួសារ ជាមួយនឹង ឯ.ឧ លឺ ឡាយស្រេង នៅ ភូមិបាលិលេយ្យ ឃុំ ប៉ោយប៉ែត ស្រុកអូរជ្រៅ។ ករណីទំនាស់នេះត្រូវដោះស្រាយជាកញ្ចប់ ដោយស្នើឱ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋដែលបានតាំង ទីលំនៅមិនស្របច្បាប់លើដីកម្មសិទ្ធិ របស់ ឯកឧត្ដម លឺ ឡាយស្រេង ត្រូវគោរពតាម គោលការណ៍ នីតិរដ្ឋដោយត្រូវ អនុវត្ដសាលដីកាស្ថាពររបស់ តុលាការ កំពូល ហើយអាជ្ញាធរខេត្ដត្រូវរកទីតាំងសម ស្របណាមួយក្នុងខេត្ដ ដើម្បីផ្ដល់ ជាសម្បទានដីសង្គមកិច្ច ជូនអ្នកគ្មានដី ពិតប្រាកដ ដែលបានតាំងទីលំនៅ លើដីកម្មសិទ្ធិរបស់ឯកឧត្ដម លឺ ឡាយស្រេង។
៣៦- បានជម្រុញឱ្យខេត្ដ-ក្រុងទាំងអស់បន្ដការចេញដីកាបដិសេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទ របស់រដ្ឋ ទៅតាមស្មារតីនៃបទ បញ្ជា លេខ ០១ សារាចរលេខ ០២ និងយកផែនទីគម្របព្រៃឈើឆ្នាំ ២០០២ ធ្វើជាមូលដ្ឋាន ហើយការ អនុវត្ដន៍គឺត្រូវឈរ លើគោលការណ៍ សមភាព និងជាក់ស្ដែង និយម ។
៣៧- បានជម្រុញឱ្យខេត្ដ-ក្រុងទាំងអស់បន្ដផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ឱ្យបានទូលំទូលាយនូវ ស្មារតី បទបញ្ជាលេខ ០១ ពិសេស ធ្វើឱ្យប្រជាពលរដ្ឋ គ្រប់រូបយល់ដឹងអំពីសកម្មភាពកាប់រានដីព្រៃឈើ គ្រប់ប្រភេទរបស់រដ្ឋធ្វើជាកម្មសិទ្ធិ គឺជាទង្វើ ផ្ទុយទៅនឹងច្បាប់ស្ដីពី ព្រៃឈើ ច្បាប់ស្ដីពីកិច្ចការពារ បរិស្ថាន ច្បាប់ស្ដីពីជលផល និងច្បាប់ភូមិបាល។
៣៨- ជម្រុញឱ្យខេត្ដ-ក្រុងទាំងអស់ធ្វើការស្រាវជ្រាវវែកមុខរកមេក្លោងដែលឧបត្ថម្ភគាំទ្របំផុសឱ្យមាន សកម្មភាពកាប់ ទន្ទ្រានព្រៃយក ដីធ្វើជាកម្មសិទ្ធិ ដើម្បីមានវិធានការតាមនីតិវិធីច្បាប់ជាធរមាន ដោយ សហការជាមួយមេធាវីប្រចាំអាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី គួបផ្សំនឹងការប្រើប្រាស់ ប្រព័ន្ធឃោសនា ដូចជា ការចុះផ្សាយព័ត៌មាន រូបភាព សកម្មភាព ជនល្មើសតាមកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជាការ ព្រមានដល់ជនខិលខូច ដទៃទៀត។
៣៩- បានចុះដោះស្រាយបញ្ចប់ទំនាស់ដីសម្បទានសេដ្ឋកិច្ច ដែលបានអូសបន្លាយពេលជាយូរឆ្នាំមកហើយ របស់ក្រុមហ៊ុន អភិវឌ្ឍ ដំណាំ ឧស្សាហកម្ម អ៊ុក ឃុន នៅខេត្ដកំពង់ស្ពឺ។
៤០- បានចុះដោះស្រាយបញ្ចប់ទំនាស់ដី ដែលបានអូសបន្លាយពេលជាយូរឆ្នាំមកហើយនៅតំបន់ពយម៉ាចូវ ក្រុងព្រះសីហនុ។
៤១- បានដោះស្រាយបញ្ចប់ទំនាស់ដីលំនៅដ្ឋានរវាង លោកតា ឈិន លា និងកូនប្រសារឈ្មោះ ខាន់ សុខុន នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។
៤២- បានដោះស្រាយបញ្ចប់ទំនាស់ដីចំណតរថយន្ដ ដែលបានអូសបន្លាយពេលជាយូរឆ្នាំមកហើយ នៅខេត្ដ ស្ទឹងត្រែង។
៤៣- បានទទួលយកមេធាវីចំនួន ៤៣ នាក់ មកបំរើការងារអម អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី ដោយចាត់តាំងក្នុងមួយ ខេត្ដ-ក្រុង មានមេធាវី ២ នាក់ទទួលបន្ទុក និងបានចាត់ តាំងមេធាវី ២ នាក់ ឱ្យបំរើការងារអម រដ្ឋបាលព្រៃឈើ។
៤៤- បានបញ្ជូនមន្ដ្រីពីររូបទៅចូលរួមសិក្ខាសាលាស្ដីពី សភាប្រជាជនអាស៊ាន នៅប្រទេសហ្វីលីពីន។
៤៥- បានបញ្ជូនមន្ដ្រីមួយរូបទៅចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធដោះស្រាយជំលោះ នៅប្រទេស សឹង្ហបូរី។
III-
អំពីទិសដៅការងារបន្ដ
១- ពង្រឹងការអនុវត្ដន៍ច្បាប់ និងការបន្ដរកយុត្ដិធម៌ ដើម្បីឱ្យគូទំនាស់វិវាទដីធ្លី និងសាធារណជន មាន ទំនុកចិត្ដ និងទទួល យកដោយអស់ចិត្ដជាពិសេស បន្ដអនុវត្ដយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការ ពន្លត់ភ្នក់ភ្លើង ដែលបង្កឱ្យមានទំនាស់ដីធ្លី។
២- ពង្រឹងពង្រីកការងារអប់រំ ឃោសនា ផ្សព្វផ្សាយ ដើម្បីបង្ការ និងទប់ស្កាត់ទំនាស់ដីធ្លី ។
៣- បន្ដជម្រុញការបែងចែក ដីសម្បទានសង្គមកិច្ចចំពោះប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដស្របតាម អនុក្រឹត្យលេខ ១៩ ស្ដីពី សម្បទានដី សង្គមកិច្ច។
៤- ពង្រីកការរៀបចំជាវេទិកាប្រជុំតុមូល ឱ្យស្របតាមសភាពការណ៍ដើម្បីពន្យល់បំភ្លឺ និងផ្សព្វផ្សាយឱ្យសាធារណជន យល់អំពីបញ្ហា ទំនាស់ដីធ្លី។
៥- បន្ដធ្វើការពិនិត្យ និងធានាការដោះលែងប្រជាពលរដ្ឋ ដែលជាប់ឃុំឃាំងដោយសារទំនាស់ដីធ្លី តាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់បំផុត របស់សម្ដេច នាយករដ្ឋមន្ដ្រី លើកលែងតែករណីបទល្មើសព្រហ្មទណ្ឌ។
៦- ធ្វើអធិការកិច្ចលើការអនុវត្ដបទបញ្ជាលេខ ០១ លេខ ០២ និងសារាចរលេខ ០២ របស់រាជរដ្ឋាភិបាល ក៏ដូចជា សេចក្ដីជូនដំណឹង របស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី ពាក់ព័ន្ធបញ្ហាដីធ្លីដែលបានដាក់ចេញ ហើយដែល អាជ្ញាធរ និងសមត្ថកិច្ច មួយចំនួនមិនទាន់បានអនុវត្ដនៅឡើយ ជាពិសេសបន្ដ ធ្វើការប្រមូលដីព្រៃឈើ គ្រប់ប្រភេទពីអ្នកកាន់កាប់ខុសច្បាប់ មកទុកជាសម្បត្ដិរដ្ឋវិញ។
៧- បន្ដធ្វើការស៊ើបអង្កេតវែករកមុខបុគ្គលទាំងឡាយណា ដែលបានរំលោភយកដីរដ្ឋដោយខុសច្បាប់ និង កំពុងញុះញង់ ឱ្យមានការ ទន្ទ្រានកាន់កាប់ដី រដ្ឋដោយខុសច្បាប់ ឬស្ថិតនៅពីក្រោយការញុះញង់នោះ។
៨- ចាត់តាំងមន្ដ្រីជំនាញ ដែលមានសមត្ថភាពឱ្យចូលរួមសិក្ខាសាលាទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បី បំភ្លឺចំពោះ សាធារណជន និងឆ្លើយតបនឹង ក្រុមមនុស្ស ដែលកេងយកចំណេញនយោបាយពីបញ្ហា ទំនាស់ ដីធ្លី។
៩- រៀបចំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយតាមភូមិភាគអំពីបញ្ហាដីធ្លី ដោយធ្វើការអប់រំផ្ទាល់ដល់ ប្រជាពល រដ្ឋ និងមន្ដ្រី មានសមត្ថ កិច្ចពាក់ព័ន្ធ។
១០- បន្ដកសាង និងអភិវឌ្ឍធនធានមនុស្ស ក្នុងអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ ដីធ្លី ដើម្បីឆ្លើយ តបឱ្យបាន សមស្រប ទៅនឹងតម្រូវការការងារដែលមានភាពរសើប និងស្មុគស្មាញនេះ។
១១- បាន និងកំពុងរៀបចំបំពាក់សម្ភារៈ
MIS ជិតរួចរាល់ ហើយនឹងត្រូវចាប់ផ្ដើមដំណើរការនៅដើមខែ កញ្ញា ឆ្នាំ ២០០៧ ខាងមុខនេះ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០០៧

អគ្គលេខាធិការ
ស្វាយ ស៊ីថា

 

© 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា   

Power by: IDS Cambodia